![](http://www.health.com.kh/upload/13(15).jpg)
ជំងឺឫសដូងច្រមុះគឺជាដុំសាច់ប្រភេទប៉ូលីពដែលមានលក្ខណៈទន់ អត់ឈឺ មិនមែនមហារីក ដែលលូតលាស់ក្នុងភ្នាស់កម្រាលរបស់ច្រមុះ ឬប្រហោងឆ្អឹងនៅច្រមុះ។ ការតាំងនៅរបស់វាមានលក្ខណៈដូចជាដំណក់ទឹក ឬគ្រាប់ទំពាំងបាយជូរអញ្ជឹង។ ដុំនេះកើតចេញពីការរលាករ៉ាំរ៉ៃដោយសារតែជំងឺហឺត ការបង្ករោគម្តងហើយម្តងទៀត អាឡែហ្ស៊ី ប្រតិកម្មនឹងថ្នាំ ឬជំងឺប្រព័ន្ធភាពស៊ាំខុសប្រក្រតី។
ចំពោះឫសដូងច្រមុះដែលតូចៗគឺមិនបង្ករោគសញ្ញាអ្វីទេ ប៉ុន្តែឫសដូងដែលធំឬច្រើនអាចបង្កការស្ទះផ្លូវដង្ហើមនៅច្រមុះ ឬនាំឱ្យមានបញ្ហាដល់ការដកដង្ហើម បាត់បង់ការស្រង់ក្លិន និងឧស្សាហ៍ឆ្លងរោគ។
ជំងឺឫសដូងច្រមុះអាចកើតលើមនុស្សគ្រប់គ្នា ប៉ុន្តែគេឃើញមានជាញឹកញាប់លើមនុស្សពេញវ័យ។ ការប្រើប្រាស់ថ្នាំច្រើនតែអាចជួយឱ្យឫសដូងនោះរួចស្វិត ឬបាត់ទៅវិញបាន ប៉ុន្តែពេលខ្លះក៏ត្រូវការការវះកាត់វាចេញដែរ។ ទោះបីជាក្រោយវះកាត់ជោគជ័យហើយក៏ដោយ ក៏វាអាចកើតឡើងវិញម្តងទៀតដែរ។
គ្រូពេទ្យច្រើនតែអាចកំណត់រោគវិនិច្ឆ័យជំងឺឫសដូងច្រមុះបានតាមរយៈការឆ្លើយសំណួររបស់គាត់ទាក់ទងនឹងរោគសញ្ញារបស់អ្នក ការពិនិត្យរាងកាយទូទៅ និងពិនិត្យច្រមុះតែម្តង។ ចំពោះឫសក្នុងច្រមុះអាចនឹងមើលឃើញដោយការប្រើឧបករណ៍បញ្ចាំងភ្លើង។ ប៉ុន្តែដើម្បីកំណត់កាន់តែច្បាស់គ្រូពេទ្យអាចនឹងធ្វើតេស្តផ្សេងទៀតដែរដូចជា៖
- ការប្រើឧបករណ៍ឆ្លុះក្នុងច្រមុះនឹងមើលតាមកញ្ចក់ទូរទស្សន៍ខាងក្រៅ
- ការថតរូបភាពវេជ្ជសាស្ត្រដូចជា CT Scan ឬ MRI
- តេស្តអាឡែហ្ស៊ី
- តេស្តរកមើលជំងឺ Cystic Fibrosis ៕
![](http://www.health.com.kh/userfiles/image/17-9(1)/11.jpg)
![](http://www.health.com.kh/userfiles/image/17-9(1)/12.jpg)
0 comments:
Post a Comment